Clean Energy Week 2025 Articles
ការច្នៃប្រឌិត និងជោគជ័យនៃការប្រើប្រាស់ថាមពលស្អាត នៅក្នុងសហគមន៍ ត្រូវបានបង្ហាញតាមរយៈវីដេអូឯកសារ
2025-10-06 14:00
ភ្នំពេញ៖ ភាពយន្តឯកសារខ្លី ចំនួន៤ចំណងជើង ដែលនិយាយអំពីការច្នៃប្រឌិត និងភាពជោគជ័យក្នុងវិស័យថាមពលស្អាត ត្រូវបានផលិត និងចាក់បញ្ចាំង កាលពីថ្ងៃទី៤ ខែតុលា ក្រោមកិច្ចសហការរវាង Energy Lab និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC)។
ថ្លែងក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារខ្លីនេះ លោក Dean Rizzetti នាយកប្រចាំតំបន់ សម្រាប់គោលនយោបាយថាមពល នៃ EnergyLab មានប្រសាសន៍ថា ភាពយន្តឯកសារទាំងនេះ មិនត្រឹមជាកត្តាជំរុញការផ្លាស់ប្តូរ និងការលើកទឹកចិត្តដល់អ្នកពាក់ឱ្យឃើញអំពីនវានុវត្ត និងជោគជ័យនៃការប្រើប្រាស់ថាមពលស្អាត នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដូចជាជំរុញឱ្យមានការជជែកកាន់តែទូលាយ អំពីឱកាស និងការទទួលយកថាមពលស្អាតទៅប្រើប្រាស់ផងដែរ។
លោក Dean Rizzetti បន្ថែមថា ភាពយន្តទាំងនេះ គឺបានបង្ហាញអំពីស្ថានភាពជាក់ស្តែង នៃការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងសហគមន៍ និងស្តែងឱ្យឃើញពីរបៀបដែលអន្តរកម្មថាមពលស្អាត បានជះឥទ្ធិពលទៅដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់សហគមន៍ នៅក្នុងប្រទេសកម្ពុជា។ តាមរយៈរឿងរ៉ាវជាក់ស្តែងទាំងនេះ លោក Dean Rizzetti ជឿជាក់ថា វានឹងក្លាយជាវេទិកាជជែក និងការលើកទឹកចិត្តបន្ថែម សម្រាប់ការបោះជំហានថ្មីរបស់កម្ពុជា ឆ្ពោះទៅការបង្កើតគោលនយោបាយ ពាក់ព័ន្ធនឹងការថាមពលកកកើតឡើងវិញ ក៏ដូចជាដំណោះស្រាយពាក់ព័ន្ធ នៅកម្រិតសហគមន៍។
លោក Raymart Walker លេខាទី២ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈភាពយន្តទាំងនេះ បានប្រាប់រឿងវ៉ាវ និងទិដ្ឋភាពនៃភាពជាប់ពាក់ព័ន្ធរបស់សហគមន៍ នៅក្នុងការប្រើប្រាស់ថាមពល បញ្ហាប្រឈម និងគុណប្រយោជន៍ដែលបានមកពីការប្រើប្រាស់ថាមពលស្អាត ក៏ដូចជាដំណោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត។
«អ្វីដែលសំខាន់ គឺយើងបានឃើញនូវផលជះទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋនៅក្នុងសហគមន៍។ យើងនឹងឃើញពីរបៀបដែលថាមពលសូឡា ផ្លាស់ប្តូររបៀបរស់នៅ និងជីវភាពរបស់ប្រជានេសាទ របស់អ្នកលក់ដូរ កសិករ រួមទាំងព្រះសង្ឃផងដែរ។»។ លោក Raymart Walker បន្ថែម ដោយបន្តទៀតថា ភាពយន្តឯកសារទាំងនេះ ក៏នឹងបង្ហាញឱ្យឃើញពីរបៀបដែលសាច់រឿងជាក់ស្តែង ផ្តល់តម្លៃអប់រំ និងការជះឥទ្ធិពលជាវិជ្ជមានសម្រាប់ដំណើរឆ្ពោះទៅរកការផ្តល់នូវដំណោះស្រាយថាមពលស្អាត សម្រាប់សហគមន៍ និងគោលនយោបាយថាមពលបៃតង។
គួរជម្រាបថា ឯកសារទាំង៤ចំណងនោះរួមមាន៖ ១. ទាញពន្លឺ បង្កើតពន្លក (Absorb the light, arise the grow) , ២. ជំនឿបតង (Eco-faith), ៣. ផ្ទះបណ្ដែតទឹក (Floating village)និង ៤. ពន្លឺសង្ឃឹម (Powering the Hope) ។
ទាញពន្លឺ បង្កើតពន្លក (Absorb the light, arise the grow)៖ រៀបរាប់អំពីកសិករនៅខេត្តសៀមរាប បានងាកមកប្រើប្រាស់ថាមពលសូឡា នៅក្នុងកសិដ្ឋានដាំបន្លែលើទឹកជាលក្ខណៈរបស់ខ្លួន។ ភាពយន្តនេះ ក៏គាស់កកាយអំពីបញ្ហាប្រឈម ការផ្លាស់ប្តូរ និងក្តីសង្ឃឹមនៃការផ្លាស់ប្រែជីវភាពគ្រួសារ ទៅថ្ងៃអនាគត បន្ទាប់ពីខ្លួនបានដូរមកប្រើប្រាស់ថាមពលកកើតឡើងវិញ។
ជំនឿបតង (Eco-faith)៖ គឺជាភាពយន្តខ្លីដែលបង្ហាញពីការសម្រេចព្រះទ័យរបស់ព្រះតេជគុណ អ៊ឹម ទៀង ព្រះចៅអធិការវត្តសិរិសាគរ ដូនស្ដើង នៅក្នុងខេត្តព្រៃវែង ក្នុងការប្រើប្រាស់ថាមពលសូឡា នៅក្នុងតម្រូវការនានាក្នុងទីអារាម ជំនួសកឱ្យការប្រើប្រាស់ម៉ាស៊ីនភ្លើង។ ការណ៍នេះ នាំឱ្យវត្ត កាត់បន្ថយចំណាយលើថ្លៃប្រេងជិតពាក់កណ្តាលជាប្រចាំខែ និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការជំរុញទៅដល់ពុទ្ធសាសនិកនៅតំបន់ជុំវិញ ពាក់ព័ន្ធនឹងការប្រើប្រាស់កកើតឡើងវិញ។
ផ្ទះបណ្ដែតទឹក (Floating village)៖ ប្រាប់អំពីរឿងរ៉ាវរបស់ប្រជានេសាទរាប់ពាន់គ្រួសារនៅភូមិបណ្តែតទឹក ក្នុងខេត្តកំពង់ឆ្នាំង ដែលពឹងផ្អែកលើប្រភពថាមពលសូឡា ទាំងសម្រាប់ការរស់នៅ និងការផ្តល់ការអប់រំ ទៅដល់កុមារនៅក្នុងសហគមន៍។
ពន្លឺសង្ឃឹម (Powering the Hope)៖ រៀបរាប់អំពីរឿងរ៉ាវរបស់ស្ត្រីម្នាក់អ្នកលក់ដូរនៅពេលយប់ម្នាក់ ដែលជ្រើសរើសថាមពលសូឡា ធ្វើជាប្រភពពន្លឺសម្រាប់អាជីវកម្មពេលរាត្រីរបស់ខ្លួន។ ភាពយន្តនេះ មិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញពីការបញ្ហាប្រឈម និងជម្រើសប្រកបដោយការគិតគូរអំពីបរិស្ថានរបស់ស្ត្រីជាអាជីវករនោះទេ ប៉ុន្តែក៏បង្ហាញអំពីក្តីសង្ឃឹមរបស់គាត់ថា ពន្លឺនៃថាមពលសូឡា ក៏ប្រៀបដូចជាពន្លឺ សម្រាប់បំភ្លឺផ្លូវ ទៅរកអនាគតកាន់តែប្រសើរសម្រាប់គ្រួសារខ្លួនដែរ។
លោក អ៊ុក ប៊ុនឡេង តំណាងអ្នកផលិតភាពយន្តឯកសារ ពន្លឺសង្ឃឹម (Powering the Hope) បានបង្ហាញមោទនភាពដែលភាពយន្តរបស់ខ្លួន មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។ លោក អ៊ុក ប៊ុនឡេង បញ្ជាក់ថា ភាពយន្តរបស់ខ្លួន បង្ហាញឱ្យឃើញថា គ្រាន់តែការរប្រើប្រាស់ថាមពលសូឡា មិនត្រឹមតែផ្តល់ភាពងាយស្រួលសម្រាប់ការលក់ដូរពេលយប់របស់គ្រួសារតូចមួយនោះទេប៉ុន្តែវាគឺជាផ្តល់ក្តីសង្ឃឹមថ្មី នៃជីវភាពដែលកាន់តែប្រសើរ សម្រាប់ពួកគេ។
លោក អ៊ុក ប៊ុនឡេង អះអាងដូច្នេះថា៖ «ការប្រើប្រាស់ថាមពលសូឡា គឺជាដំណោះស្រាយមួយ ក្នុងការជំរុញជីវភាពរបស់គាត់។ ទោះបីសូឡាហ្នឹង មើលពីក្រៅទៅវាតូចក៏ដោយ វាធម្មតាក៏ដោយ ប៉ុន្តែគ្រាន់តែសូឡាតូច២ផ្ទាំងហ្នឹង អាចជួយឱ្យគាត់ហ្នឹងអាចចិញ្ចឹមខ្លួនឯងបាន។ ជួយដល់គ្រួសារគាត់ កូនគាត់ និងជាមួយនឹងសហគមន៍នៅម្តុំដែលគាត់លក់ដូរ។»។
សូមជម្រាបថា ការបញ្ចាំងភាពយន្តនេះ គឺជាផ្នែកមួយនៃការប្រារព្ធព្រឹត្តិការណ៍ «សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥» ឬ «Clean Energy Week» ដែលជាព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា ផ្តួចផ្តើមរៀបចំឡើងដោយ Energy Lab។ព្រឹត្តិការណ៍ «សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៩ ខែតុលា ក្រោមប្រធានបទ៖ ជំរុញសេដ្ឋកិច្ចថាមពលស្អាត។ ក្រៅពីការបញ្ចាំងភាពយន្ត ព្រឹត្តិការណ៍នេះ ព្រឹត្តិការណ៍ដ៏សំខាន់ពេញមួយសប្តាហ៍នេះ ក៏ជាវេទិកាប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំឧស្សាហកម្ម ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រសំខាន់ៗសម្រាប់អនាគតថាមពលស្អាត កម្ពុជាផងដែរ៕
----
Article by: https://thmeythmey.com