Clean Energy Week 2025 Articles
សប្ដាហ៍ថាមពលស្អាត កំពុងនាំកម្ពុជាឆ្ពោះទៅកំណែទម្រង់សេដ្ឋកិច្ចបៃតង
2025-10-08 14:07
ភ្នំពេញ៖ តំណាងរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានចូលរួមជាមួយអង្គការអេននីជីឡេបអាស៊ី ដើម្បីបើកព្រឹត្តិការណ៍ «សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥» ឬ «Clean Energy Week» ដែលជាព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា នោព្រឹកថ្ងៃទី២ ខែតុលានេះ។ ក្នុងឆ្នាំទី៨នេះ កម្មវិធីនេះ រៀបចំឡើងក្រោមប្រធានបទ «ជំរុញសេដ្ឋកិច្ចថាមពលស្អាត»។
សប្ដាហ៍ថាមពលស្អាត ជាព្រឹត្តិការណ៍ថាមពលស្អាតដ៏សំខាន់នៅកម្ពុជា ដែលផ្តោតលើដំណោះស្រាយថាមពលស្អាត។ ក្នុងឆ្នាំនេះ សប្ដាហ៍ថាមពលស្អាត បានក្លាយជាវេទិកាចែករំលែកចំណេះដឹង កិច្ចសហការ និងការអភិវឌ្ឍន៍គោលនយោបាយ ដើម្បីជំរុញអន្តរកាលថាមពលស្អាត ដោយរៀបចំដោយអង្គការអេននឺជីឡេបអាស៊ី និងទទួលបានការគាំទ្រពីក្រសួងរ៉ែ និងថាមពល ក្រោមសហមូលនិធិប្រទេសអូស្រ្តាលី និងកម្មវិធីអភិឌ្ឍរបស់អង្គការសហប្រជាជាតិ ។
សប្ដាហ៍ថាមពលស្អាតឆ្នាំនេះ បង្ហាញពីរបៀបដែលថាមពលស្អាតពង្រឹងឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជា ដូចជាវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ព្រមទាំងទាក់ទាញការវិនិយោគថ្មីក្នុងតម្លៃរាប់លានដុល្លារ នៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើថាមពល និងបច្ចេកវិទ្យាស្អាត។
សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ នឹងជំរុញវឌ្ឍនភាពថាមពលស្អាត ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាអំពីដំណោះស្រាយគោលនយោបាយ និងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែម។
នៅឆ្នាំនេះកម្មវិធីរៀបចំឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កម្មវិធីមួយសប្ដាហ៍នេះនឹងផ្តោតលើបញ្ហាសំខាន់ៗនៅក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការបង្ហាញពីសក្តានុពលជំនាញថាមពលស្អាត និងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈ អន្តរកាលថាមពលប្រកបដោយយុត្តិធម៌។
សប្ដាហ៍ថាមពលស្អាតនេះ ក៏នឹងចាក់បញ្ចាំង វីដេអូឯកសារខ្លី ដែលផលិតដោយនិស្សិតកម្ពុជា និយាយអំពីការច្នៃប្រឌិត និងភាពជោគជ័យក្នុងវិស័យថាមពលស្អាត រួមទាំងការតាំងពិព័រណ៍ស្នាដៃសិល្បៈ Solarpunk ដោយសិល្បករកម្ពុជា និងសិល្បករមកពីបណ្ដាប្រទេសក្នុងអាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍សំខាន់ ដោយចូលរួមដោយអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំឧស្សាហកម្ម ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាយុទ្ធសាស្ត្រសំខាន់ៗសម្រាប់អនាគតថាមពលស្អាតកម្ពុជា។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ថាមពលស្អាតមានសារៈសំខាន់សម្រាប់កំណើនឧស្សាហកម្មរបស់កម្ពុជា។
លោកបន្ថែមទៀតថា៖ «អន្តរកាលថាមពលស្អាតនឹងជំរុញកម្ពុជាធ្វើការបានកាន់តែប្រសើរក្នុងខ្សែ ច្រវាក់ផ្គត់ផ្គង់ក្នុងថ្នាក់តំបន់ និងពិភពលោក។ វានឹងបង្កើតប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច និងការងារប្រកបដោយគុណភាព»។
សម្រាប់លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានផ្ដល់អនុសាសន៍ថា ជាមួយនឹងគោលនយោបាយដែលមានប្រសិទ្ធភាព កម្ពុជាអាចពង្រឹងសេដ្ឋកិច្ចខ្លួនបាន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពថាមពល កាត់បន្ថយតម្លៃ និងទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា សង្កត់ធ្ងន់ដូច្នេះ៖ «កិច្ចខិតខំទាំងនេះនឹងមិនត្រឹមតែជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ តែនឹងបើកឱកាសក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតគូរពីការប្រែប្រួលអាកាសធាតុ»។
លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា លើកឡើងថានៅគ្រប់ប្រទេសដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិធ្វើការ បានចាត់ទុកវិស័យថាមពល គឺស្ថិតនៅជួរមុខនៃរបៀបវារៈឆ្នាំ២០៣០។ លោកបន្តថា អន្តរកាលទៅរកអព្យាក្រិតកាបូន គឺជាកាតាលីករដែលមិនអាចខ្វះបាននៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាមួយនឹងគុណលក្ខណៈដូចជា ភាពធន់នៃសេដ្ឋកិច្ច និងសង្គម លទ្ធភាពចំណាយ និងសន្តិសុខមនុស្សជាតិ។ ចំណែកថាមពលដែលមានតម្លៃសមរម្យ និងត្រូវរួមបញ្ចូល។
តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិដដែល បញ្ជាក់បន្ថែមដូច្នេះ៖ «កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រការផ្លាស់ប្តូរហិរញ្ញប្បទានបៃតង ជំរុញហិរញ្ញវត្ថុសាធារណៈ និងកាត់បន្ថយហានិភ័យទាំងឡាយ»។
ជាមួយគ្នានេះ លោក ង៉ោ សឺន ណត្តារុណ នាយកប្រតិបត្តិប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី បានបង្ហាញសុទិដ្ឋិនិយមលោកថា កម្ពុជាមានឱកាសដ៏យូរអង្វេង ក្នុងការប្រើប្រាស់ថាមពលស្អាត ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបង្ហាញថាកម្ពុជា បានត្រៀមខ្លួនរួចរាល់ សម្រាប់ចាប់យកឱកាសនានា ដែលថាមពលស្អាតអាចផ្ដល់ឱ្យមកកាន់កម្ពុជា។
សប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៥ នឹងប្ដេជ្ញាបន្តជ្រោមជ្រែងកម្ពុជា ឱ្យក្លាយជាអ្នកដឹកនាំផ្នែកថាមពល ស្អាតក្នុងតំបន់។ ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ពីដៃគូអន្តរជាតិ ដូចជាអូស្ត្រាលី ដែលផ្តល់ទាំងជំនាញបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរទិដ្ឋភាពថាមពលរបស់ខ្លួនដោយព្យាយាមផ្តល់អត្ថប្រយោជន៍មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក្នុងតំបន់ទាំងមូល។
គួររំឭកផងដែរថា កម្ពុជាបានកំណត់គោលដៅយ៉ាងរឹងមាំគឺ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យបាន៧០ភាគរយ កាត់បន្ថយការប្រើប្រាស់ថាមពលប្រមាណ ១៩ភាគរយ តាមរយៈប្រសិទ្ធភាពថាមពល និងបង្កើនចំនួនយានយន្តអគ្គិសនីឱ្យបាន ៧៧0 000គ្រឿង លើដងផ្លូវ នៅត្រឹមឆ្នាំ២០៣០៕
------
Article by: https://www.thmeythmey.com/detail