Clean Energy Week 2025 Articles

សប្ដាហ៍ថាមពលស្អាត២០២៥ បិទបញ្ចប់ជាមួយនឹងការសាទរអនាគតប្រកបដោយចីរភាពរបស់កម្ពុជា

សប្ដាហ៍ថាមពលស្អាត (Clean Energy Week – CEW) ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ធំបំផុត និងមានឥទ្ធិពលខ្លាំងសម្រាប់វិស័យថាមពលស្អាត នៅកម្ពុជា បានបញ្ចប់នៅថ្ងៃទៅ៩ ខែតុលា នេះ ដោយមានកម្មវិធី Toast to Clean Energy និងពិធីប្រគល់ ពានរង្វាន់ថាមពលស្អាត (Clean Energy Awards) ។

ក្នុងការប្រារព្ធលើកទី៨នេះ សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ បានបង្ហាញពីវឌ្ឍនភាពរបស់ កម្ពុជាក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេស និងជួយឱ្យកម្ពុជា ក្លាយជាអ្នកដឹកនាំថ្មី ក្នុងអន្តរកាលថាមពល នៅអាស៊ីអាគ្នេយ៍។

កម្មវិធីពេញមួយសប្ដាហ៍នេះ បានផ្តោតលើរបៀបដែលថាមពលស្អាត អាចពង្រឹងឧស្សាហកម្ម ដែលមានស្រាប់របស់កម្ពុជា ដូចជាវិស័វាយនភណ្ឌ និងវិស័យទេសចរណ៍ ខណៈពេលដែល ទាក់ទាញការវិនិយោគថ្មីរាប់លានដុល្លារ នៅក្នុងឧស្សាហកម្ម ដែលមានតម្រូវការប្រើប្រាស់ ថាមពលច្រើន និងបច្ចេកវិទ្យាដែលដំណើរការដោយថាមពលស្អាត។

បន្ថែមពីលើនេះ សប្ដាហ៍ថាមពលស្អាត ក៏បានរៀបចំកម្មវិធីដែលប្រមូលផ្ដុំសាធារណជន រួម មានការចាក់ បញ្ចាំងយន្តឯកសារខ្លី ដែលត្រូវបានផលិតឡើងដោយនិស្សិតកម្ពុជា រៀបរាប់ ពីរឿងរ៉ាវនៃការ ច្នៃប្រឌិត និងភាពជោគជ័យនៃការប្រើប្រាស់ថាមពលស្អាត បូករួមនឹងការ តាំងពិព័រណ៍ស្នាដៃសិល្បៈ Solarpunk របស់សិល្បករកម្ពុជា និងស្នាដៃឌីជីថលដោយ សិល្បករមកពីទូទាំងអាស៊ីអាគ្នេយ៍។

ដោយគូសបញ្ជាក់ពីសារៈសំខាន់ នៃអន្តរកាលថាមពលស្អាតចំពោះការអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ចរបស់កម្ពុជា លោក ង៉ោ សឺន ណត្តារុណ នាយកប្រចាំតំបន់របស់អង្គការអេននីជី ឡេបអាស៊ី បានលើកឡើងថា៖ «ឆ្នាំនេះ យើងកំណត់ផ្លូវថ្មីមួយ ដើម្បីបង្ហាញថាថាមពលស្អាត មិនមែនគ្រាន់តែជាកាតាលិករ សម្រាប់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាជំរុញសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយផងដែរ។ ថាមពលស្អាតនឹងជួយកម្ពុជា ការពារឧស្សាហកម្មដែលមានស្រាប់ ទន្ទឹមនឹងការទាក់ទាញឧស្សាហកម្មថ្មីៗ។វានឹងជួយកម្ពុជាឱ្យសម្របខ្លួនបានកាន់តែលឿនទៅនឹងការផ្លាស់ប្តូរច្បាប់ពាណិជ្ជកម្ម និងការបង្កើនពន្ធ ខណៈពេលដែលការបង្កើនភាពប្រកួតប្រជែង»។

ឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ដេរិក យីប មានប្រសាសន៍ថា៖ «ក្នុងនាមជាដៃគូស្ថាបនិកមួយនៃសប្តាហ៍ថាមពលស្អាត អូស្ត្រាលីរីករាយក្នុងការបន្តគាំទ្រ អន្តរកាលថាមពលស្អាតរបស់កម្ពុជា។ សប្តាហ៍ថាមពលស្អាតគឺជាឱកាសមួយដើម្បីអបអរសាទរ ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងការពង្រីកលទ្ធភាពក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃអន្តរកាលថាមពលស្អាត»។

ចំណុចពិសេសនៃ សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ គឺពិធីប្រគល់ពានរង្វាន់ថាមពលស្អាត ដោយពានរង្វាន់នេះ ទទួលស្គាល់ការរួមចំណែកឆ្នើម ពីបុគ្គល ស្ថាប័ន និងគំនិតផ្តួចផ្តើមនានា ដែលជំរុញការអភិវឌ្ឍថាមពលស្អាតនៅកម្ពុជា។

​ ពានរង្វាន់នេះបានអបអរសាទរកិច្ចខិតខំប្រឹងប្រែងដ៏ឆ្នើមក្នុងនោះរួមមាន ពានរង្វាន់ជើងឯកថាមពលស្អាត (ដែលត្រូវបានឈ្នះដោយបណ្ឌិត គីនណាឡេត វង់ចន្ទ) , ពានរង្វាន់គម្រោងថាមពលស្អាតសម្រាប់សហគមន៍ដែលមានឥទ្ធិពល (ដែលត្រូវបានឈ្នះដោយ ក្រុមហ៊ុន សិលាផិបភើរ ខូអិលធីឌី) និងពានរង្វាន់ប្រសិទ្ធភាពថាមពល (ដែលត្រូវបានឈ្នះដោយ យូនីសេហ្វប្រចាំកម្ពុជា)។

សប្ដាហ៍ថាមពលស្អាត ត្រូវបានបិទបញ្ចប់ដោយកម្មវិធី Toast to Clean Energy ដែលជាកិច្ចអបអរសាទរមួយ ដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូ ដែលជំរុញរបៀបវារៈថាមពលស្អាតរបស់កម្ពុជា។ ការប្រារព្ធពិធីបិទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដាក់ប្រទេសកម្ពុជា នៅលើផ្លូវប្រកបដោយនិរន្តរភាព និងធន់។

សប្ដាហ៍ថាមពលស្អាត ជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលផ្តោតលើការជំរុញដំណោះស្រាយថាមពលស្អាត។ ព្រឹត្តិការណ៍នេះ ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង កិច្ចសហការ និងការអភិវឌ្ឍគោលនយោបាយ ដើម្បីពន្លឿនអន្តរកាលថាមពលស្អាតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវរៀបចំដោយ អង្គការ អេននីជីឡេបអាស៊ី ក្រោមភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហស្ថាបនិកអូស្រ្តាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី)។

យូអិនឌីភី បានជំរុញកិច្ចសន្ទនា ស្តីពីការនវានុវត្ត និងដំណោះស្រាយគោលនយោបាយ រួមទាំងហិរញ្ញប្បទានបៃតង និងការកាត់បន្ថយហានិភ័យ ដើម្បីពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅអនាគតថាមពលប្រកបដោយនិរន្តរភាព។ យូអិនឌីភីត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញយន្តការហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងបង្កើតលក្ខខណ្ឌដែលអាចជំរុញអន្តរកាលថាមពលកាបូនទាប។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់មហិច្ឆតា ក្នុងការធ្វើពិពិធកម្មវិស័យថាមពល ដោយកាត់បន្ថយការពឹងផ្អែកលើ ឥន្ធនៈហ្វូស៊ីល និងការពន្លឿនប្រភពថាមពលស្អាត និងកកើតឡើងវិញ។

«កម្ពុជាមាន វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់និរន្តរភាពបរិស្ថាន ទន្ទឹមនឹងការពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនី និងការបង្កើនចំណែកនៃថាមពលកកើតឡើងវិញ ដែលបានកើនឡើងពី ០.៣ភាគរយ ក្នុងឆ្នាំ២០១៤ ដល់ជាង ៥០ភាគរយ ក្នុងឆ្នាំ២០២៤។»។ នេះជាប្រសាសន៍របស់ លោក អ៊ាង សុផល្លែត ដោយលោករដ្ឋមន្ត្រី បានបន្តថា លើសពីនេះ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) បានបង្ហាញផ្លូវច្បាស់លាស់ ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីវិស័យចំនួនប្រាំ។ វិស័យថាមពល រួមទាំងការដឹកជញ្ជូនថាមពល ការផលិត និងការសាងសង់ គឺជាចំណុចសំខាន់មួយក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ការងារបៃតង និងបរិយាបន្នសង្គម៕